ថ្ងៃចន្ទ ១៥ កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៤
+កម្មវិធីទី១ៈ លោក ញ៉ិប ស្រ៊ន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តតាកែវ នឹងលោកអនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត លោកនាយរងខណ្ឌរដ្ឋបាលជលផល ខណ្ឌរដ្ឋបាលព្រៃឈើនិងសហការី បានចូលរួមពិធីលែងកូនត្រី អបអរសាទរទិវាមច្ឆជាតិ ០១ កក្កដា នៅអាងព្រៃក្តួច ភូមិព្រៃក្តួច ឃុំត្រពាំងក្រញុង ស្រុកត្រាំកក់ ក្រោមអធិបតីភាព ឯកឧត្តម វុី សំណាង អភិបាលនៃគណ:អភិបាលខេត្តតាកែវ។ ពិធីនេះក៏មានការចូលរួមពី លោក លោកស្រី ប្រធានមន្ទីរជុំវិញខេត្ត រដ្ឋបាលឃុំត្រពាំងក្រញូង សមាជិកគណៈកម្មការសហគមន៍ស្រះជម្រកត្រី និងប្រជាពលរដ្ឋឃុំព្រៃក្តួច។ កូនត្រីសរុប ២ម៉ឺនកូន ត្រូវបានលែង រួមមាន៖
-កូនត្រីក្រាញ់ ចំនួន ៥ពាន់
-កូនត្រីប្រា ចំនួន ៥ពាន់
-កូនត្រីឆ្ពិន ចំនួន ១ម៉ឺន
+កម្មវិធីទី២ៈ លោកប្រធាន និងលោកប្រធានការិយាល័យនីតិកម្មកសិកម្មខេត្ត ជាមន្រ្តីអង្គភាពអនុវត្តគម្រោងខេត្ត PPIU-TAK បានបន្តអមដំណើរ ឯកឧត្តម វ៉ី សំណាង អភិបាលនៃគណអភិបាលខេត្ត ចុះពិនិត្យការសាងសង់ផ្លូវ ១ខ្សែ មានប្រវែង ៨,២០៣ម ចាប់ពីក្លោងទ្វារវត្តដំណាក់ត្រាច ឃុំត្រពាំងធំខាងជើង កាត់តាមសហគមន៍កសិកម្មសាមគ្គីត្រពាំងក្រឡាញ់ មកទល់នឹងភូមិស្ទឹង ឃុំអូរសារាយ ស្រុកត្រាំកក់។ បន្ទាប់មក ឯកឧត្តម បានបន្តចុះពិនិត្យឃ្លាំងស្តុកស្រូវចំណី ចំណុះ ១០០តោន នៅសហគមន៍កសិកម្មសាមគ្គីត្រពាំងក្រឡាញ់ ស្ថិតក្នុងភូមិត្រពាំងក្រឡាញ់ ឃុំអូរសារាយ។ សូមបញ្ជាក់ថាៈ គម្រោងខ្សែច្រវាក់ផលិតកម្មដោយភាតរៈបរិស្ថាន Climate Friendly Agriculture Value Chain (CFAVC) គ្រោងគាំទ្រខ្សែផ្លូវ ចំនួន ១៣ខ្សែ ឃ្លាំងស្តុកស្រូវ ចំណីនិងស្រូវពូជ ចំនួន ៣០ឃ្លាំង និងការស្តាឡើងវិញនៅប្រពន្ធ័ធារាសាស្រ្តនិងការគ្រប់គ្រងទឹក ចំនួន ១០កន្លែង ព្រមទាំងគាំទ្រស្រះសហគមន៍និងគ្រួសារ ចំនួន ១០០ស្រះ សំរាប់ខេត្តតាកែវ ដោយមានរយៈពេល ៤ឆ្នាំ ចាប់ពីឆ្នាំ២០១៨-២០២៤។
+កម្មវិធីទី៣ៈ លោកប្រធាន និងលោកប្រធានការិយាល័យនីតិកម្មកសិកម្មខេត្ត បានចូលរួមពិធីសំណេះសំណាល និងសួរសុខទុក្ខមន្រ្តីរាជការក្នុងមូលដ្ឋានស្រុកត្រាំកក់ ស្ថិតក្រោមអធិបតីភាព ឯកឧត្តម វ៉ី សំណាង អភិបាលនៃគណអភិបាលខេត្ត។