អំពីមន្ទីរ
សេចក្តីផ្តើម
     ខេត្តតាកែវ ជាខេត្តមួយស្ថិតនៅប៉ែកនិរតីនៃប្រទេសកម្ពុជា ចម្ងាយពីរាជធានីភ្នំពេញ ៨៧គ.ម តាមផ្លូវជាតិលេខ៣ និងចំងាយ៧៧គ.ម តាមផ្លូវជាតិលេខ០២។ ខេត្តតាកែវមានព្រុំប្រទល់ខាងកើតជាប់នឹងប្រទេសវៀតណាម ខាងលិចជាប់នឹងខេត្តកំពង់ស្ពឺ ខាងជើងជាប់នឹងខេត្តកណ្តាល​ និងខាងត្បូងជាប់នឹងខេត្តកំពត និងប្រទេសវៀតណាម។ ខេត្តតាកែវចែកចេញជា ១ក្រុង និង៩ស្រុក ដែលមាន​ ៣សង្កាត់ និង៩៧ឃុំ និងមានភូមិសរុបចំនួន ១.១១៨ភូមិ ដែលមានផ្ទៃដីធម្មជាតិសរុប ៣.៥៦២,៧០គ.ម២​​ ក្នុងនោះមានផ្ទៃដីដែលមានសក្តានុពលភាពផលិតកម្មកសិកម្មចំនួន ២៤៩.០០០ហិចតា ដែលចែកចេញជាផ្ទៃដី ស្រូវរដូវវស្សាចំនួន ១៧០.០០០ហិចតា ស្រូវរដូវប្រាំងចំនួន ៧៥.០០០ហិចតា និងផ្ទៃដីចំការចំនួន ៤.០០០ហិចតា ក្រៅពីនោះជាផ្ទៃដីលំនៅដ្ឋាន ព្រៃ បឹង ស្ទឹង ប្រឡាយ និងសំណង់។ល។ ប្រជាជនសរុបមានចំនួន ៩៩១.៩៤៧នាក់ ស្មើនឹង២០៨.២២១គ្រួសារ ក្នុងនោះស្រី ៥០៨.៩៦៥នាក់ មានដង់ស៊ីតេប្រជាជន ២៧៨នាក់ក្នុង១គ.ម២​​​ ។ ប្រជាពលរដ្ឋនៅខេត្តតាកែវមាន ៧៩%នៃប្រជាជនសរុបជាកសិករពឹងផ្អែកទាំងស្រុងលើវិស័យកសិកម្ម ធ្វើស្រែចំការ នេសាទត្រី និងចិញ្ចឹមសត្វដែលជាវិស័យចម្បងក្នុងការទ្រទ្រង់ជីវភាពរស់នៅរបស់ខ្លួន។
......................................................................................................................................................................................................................................................................
ទស្សនៈវិស័យ
     ដើម្បីរួមចំណែកកាត់បន្ថយភាពក្រីក្រ ធានាឲ្យមានស្បៀងអាហារគ្រប់គ្រាន់ប្រកបដោយសុវត្ថិភាព សម្រាប់ពលរដ្ឋគ្រប់រូប តាមរយៈការធ្វើ ទំនើបកម្មការងារកសិកម្ម ផ្អែកលើអភិក្រមថ្មីមួយ និងជាមួយនឹងការផ្លាស់ប្តូរទៅលើវិសាលភាព និងជំហាន ដើម្បីពន្លឿនកំណើនសេដ្ឋកិច្ច​វិស័យកសិកម្ម និងការគ្រង់គ្រងអភិរក្ស ធនធានធម្មជាតិប្រកបដោយនិរន្តភាព។
......................................................................................................................................................................................................................................................................
បេសកកម្ម
     គាំទ្រដល់កំណើនសេដ្ឋកិច្ចរបស់កម្ពុជា តាមរយៈការផ្តល់សេវាប្រកបដោយគុណភាពខ្ពស់ដែលនាំឲ្យធានាបាននូវការផ្គត់ផ្គង់ស្បៀងអាហារ ប្រកបដោយសុវត្ថិភាព ទិន្នផលកសិកម្មមានការកើនឡើង និងបន្ថែមតម្លៃក្រោមមូលដ្ឋានមួយប្រកបដោយនិរន្តភាព និងមានប្រសិទ្ធភាព ចំណាយខ្ពស់ ចំពោះវិស័យដែលមានមូលដ្ឋានផ្អែកលើកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
......................................................................................................................................................................................................................................................................
គោលដៅយុទ្ធសាស្រ្ត

     រួមចំណែកជំរុញកំណើនផលិតកម្មកសិកម្មឲ្យបានក្នុងរង្វង់ប្រមាណ ០៥% ក្នុងមួយឆ្នាំ តាមរយៈការលើកកម្ពស់ផលិតភាព ពិពិធភារូបនីយកម្ម និងការធ្វើពាណិជ្ជូបណីកម្មកសិកម្ម និងការលើកកម្ពស់ការចិញ្ចឹមសត្វ និងវារីវប្បកម្ម ដោយការយកចិត្តទុកដាក់ខ្ពស់ទៅលើការការពារ និងគ្រប់គ្រងធនធានព្រៃឈើ និងជលផលប្រកបដោយចីរភាព។

......................................................................................................................................................................................................................................................................

មុខងារ និងភារកិច្ចរបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តតាកែវ

- លើកផែនការដឹកនាំនិងជំរុញការអនុវត្តអភិវឌ្ឍន៍វិស័យកសិកម្មនៅក្នុងខេត្ត ស្របតាមគោលនយោបាយរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ

- ចុះក្តាប់គ្រប់គ្រងទិន្នន័យកសិកម្មគ្រប់ជំនាញ លើកគម្រោងផែនការ និងវិធានការអភិវឌ្ឍន៍វិស័យកសិកម្មនៅក្នុងខេត្ត

- លើកគម្រោងកម្មវិធីចំណាយ តាមដានពីការអនុវត្ត និងប្រមួលចំណូលក្នុងវិស័យកសិកម្ម បង់ចូលថវិការដ្ឋនៅក្នុងខេត្ត

- គ្រប់គ្រងមន្រ្តីរាជការ ថវិកា ទ្រព្យសម្បត្តិរដ្ឋរបស់មន្ទីរកសិម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តតាកែវ ឲ្យបានត្រឹមត្រូវតាមគោលការណ៍ច្បាប់

- រៀបចំកម្មវិធីបណ្តុះបណ្តាល និងបំពាក់បំប៉ន ពង្រឹងសមត្ថភាពដល់មន្រ្តី បុគ្គលិក

- ផ្សព្វផ្សាយ ជំរុញ ណែនាំនិងត្រួតពិនិត្យ អនុវត្តបណ្តាវិធានការបច្ចេកទេស ក្នុងវិស័យកសិកម្មគ្រប់ផ្នែកដល់ការិយាល័យ អង្គភាពចំណុះ និងបណ្តាការិយាល័យកសិកម្មក្រុងស្រុក

- ផ្តល់ការគាំទ្រ និងការផ្ទេរបច្ចេកទេស ក្នុងវិស័យកសិកម្មគ្រប់ផ្នែក ដល់កសិករ និងដៃគូរ ចូលរួមនិងលើកទឹកចិត្តអង្គការវិជ្ជាជីវៈ សមាគមន៍នានា និងការបង្កើតសហគមន៍អភិវឌ្ឍន៍នានា ដែលពាក់ព័ន្ធនិងវិស័យកសិកម្មដើម្បីកែលម្អផលិតកម្ម និងផលិតភាពក្នុងវិស័យកសិកម្មគ្រប់ផ្នែកនៅខេត្ត

- ចូលរួមសហការក្នុងការអនុវត្ត វិធានការការពារ ធនធានធម្មជាតិក្នុងវិស័យកសិកម្មគ្រប់ផ្នែក តាមការកំណត់នយោបាយអភិវឌ្ឍន៍ អភិរក្ស របស់ក្រសួងនៅក្នុងក្របខ័ណ្ឌខេត្ត

- ចាត់ចែងការងារអន្តរាគមន៍ ទប់ទល់ បង្ការ​ និងរាយការណ៍សុំយោបល់ជាបន្ទាន់ពីក្រសួង នូវបណ្តាបាតុភាពចង្រៃ មហន្តរាយ គ្រោះធម្មជាតិ ភាពអនាធិបតយ្យលើវិស័យកសិកម្មគ្រប់ផ្នែក ដែលកើតមានក្នុងខេត្ត

- ធ្វើជាដៃគូរដ៏ល្អ និងឲ្យមានប្រសិទ្ធភាពក្នុងកិច្ចសហការ និងកិច្ចសហប្រតិបត្តិការជាមួយបណ្តាមន្ទីររនានា អង្គការ និងម្ចាស់ជំនួយនានា សម្រាប់កិច្ចអភិវឌ្ឍន៍វិស័យកសិកម្មនៅក្នុងខេត្ត

- ទទួលភារៈកិច្ចផ្សេងៗទៀត ដែលថ្នាក់ដឹកនាំក្រសួងប្រគល់ជូន។

 

.....................................................................................................................................................................................................................

 

 

ចំនួនអ្នកចូលទស្សនា
Flag Counter