ចុះពិនិត្យវឌ្ឍនភាពគម្រោង រួមមានៈ ប្រលាយទឹក ៩៥ មានប្រវែង ៦,១៥០ម៉ែត្រ ក្នុងឃុំរមេញ និងប្រលាយទឹក ៤២ មានប្រវែង ៨,៥១៦ម៉ែត្រ ក្នុងឃុំក្រពុំឈូក ស្រុកកោះអណ្តែត
ចេញ​ផ្សាយ ១៤ កក្កដា ២០២៤
44

ថ្ងៃសៅរ៍ ៩ កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៤

ពេលព្រឹក ខ្ញុំបាទរួមនឹងលោកអភិបាលរងស្រុកកោះអណ្តែត លោកប្រធានក្រុមប្រឹក្សាឃុំរមេញ និងអ្នកពាក់ព័ន្ធ បានអមដំណើរឯកឧត្តម ចាន់ ចេស្តា រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានគណៈកម្មាធិការតម្រង់ទិសគម្រោងខ្សែច្រវាក់ផលិតកម្មដោយភាតរៈបរិស្ថាន CFAVC ចុះពិនិត្យវឌ្ឍនភាពគម្រោង រួមមានៈ ប្រលាយទឹក ៩៥ មានប្រវែង ៦,១៥០ម៉ែត្រ ក្នុងឃុំរមេញ និងប្រលាយទឹក ៤២ មានប្រវែង ៨,៥១៦ម៉ែត្រ ក្នុងឃុំក្រពុំឈូក ស្រុកកោះអណ្តែត។ សូមបញ្ជាក់ថាៈ គម្រោងស្តារប្រឡាយ ចំនួន ២/៥គម្រោង ក្នុងឆ្នាំ២០២៤ នេះ អនុវត្តដោយក្រសួងធនធានទឹក និងឧតុនិយម កំពុងដំណើរការជីកបាន ៧០%-៨៦.២៥% ចំណែក គម្រោងចំនួន ៣ទៀត បញ្ចប់ការងារដេញថ្លៃ ប៉ុន្តែមិនទាន់បានអនុវត្តនៅឡើយរួមមានៈ ប្រលាយជ្រូកមួយនិងផ្លូវទូក មានប្រវែង ១៤,១០០ម៉ែត្រ ក្នុងឃុំភ្នំដិន និងប្រលាយព្រៃរំដេង ប្រវែង ២,៣៥០ម៉ែត្រ ក្នុងឃុំព្រៃរំដេង ស្រុកគិរីវង់ និងប្រលាយខ្វែងតាយី  ប្រវែង ១៣,១៤០ម៉ែត្រ ក្នុងឃុំព្រៃយុថ្កា ស្រុកកោះអណ្តែត។ បន្ទាប់មក ឯកឧត្តម និងក្រុមការងារ បានចុះពិនិត្យផ្លូវ ១ខ្សែ ប្រវែង ៣,៣៨៥ម៉ែត្រ អនុវត្តដោយក្រសួងអភិវឌ្ឍន៍ជនបទ សម្រេចបានការសាងសង់ប្រមាណជា ៨០% ក្នុងឃុំត្រពាំងចក ដើម្បីភ្ជាប់ពីសហគមន៍កសិកម្មទៅទីផ្សារលក់កសិផល។

ឈ្លៀតក្នុងឱកាសនោះ ឯកឧត្តម ក៏បានជួបសំណេះសំណាលជាមួយគណៈកម្មាធិការសហគមន៍កសិកម្មសាមគ្គីត្រពាំងចក ពីមុខរបរសំខាន់ៗនៅក្នុងសហគមន៍ ដែលក្នុងនោះមុខរបរដាំបន្លែយកស្លឹកក្នុងរោងប្លាស្ទិក ជាមុខរបរដែលមានទីផ្សារល្អ។ រោងបន្លែប្រមាណជា ៧៦០ ត្រូវបានតម្លើងនិងកំពុងមានសកម្មភាព ក្នុងឃុំនេះ។

ពេលរសៀល ខ្ញុំបាទ និងសហការី បានចូលរួមកិច្ចប្រជុំត្រៀមរៀបចំពិធីបុណ្យរុក្ខទិវា ៩ កក្កដា ឆ្នាំ២០២៤ ក្រោមការដឹកនាំកិច្ចប្រជុំដោយ ឧកញ៉ាមហាមន្រ្តី គុយ សុផល ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាទេសរដ្ឋមន្រ្តីទទួលបន្ទុកកិច្ចការទូទៅក្រសួងព្រះបរមរាជវាំង និងឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវ។ កិច្ចប្រជុំនេះធ្វើនៅស្ថានីយ៍ផ្សព្វផ្សាយ និងស្តារព្រៃឈើបន្ទាយអង្គរ ស្ថិតក្នុងភូមិខ្នារ ឃុំលាយបូរ ស្រុកត្រាំកក់។

 

ចំនួនអ្នកចូលទស្សនា
Flag Counter