សហគមន៍កសិកម្មភ្នំដិនសែនសុខ ស្ថិតនៅក្នុងឃុំភ្នំដិន ស្រុកគិរីវង់ បានធ្វើមហាសន្និបាត ស្ដីពីសកម្មភាពការងារប្រចាំឆ្នាំ ២០២៣ និងលើកទិសដៅសម្រាប់អនុវត្តបន្តឆ្នាំ២០២៤
ចេញ​ផ្សាយ ១១ មីនា ២០២៤
73

ថ្ងៃអាទិត្យ ១ កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៤

នៅសហគមន៍កសិកម្មភ្នំដិនសែនសុខ ស្ថិតនៅក្នុងឃុំភ្នំដិន ស្រុកគិរីវង់ បានធ្វើមហាសន្និបាត ស្ដីពីសកម្មភាពការងារប្រចាំឆ្នាំ ២០២៣ និងលើកទិសដៅសម្រាប់អនុវត្តបន្តឆ្នាំ២០២៤ ក្រោមអធិបតីភាព លោក ញ៉ិប ស្រ៊ន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត និងលោក ងួន ឌីណា អភិបាលស្រុកគិរីវង់ ព្រមទាំងមានការចូលរួមពីអាជ្ញាធរមូលដ្ឋានភូមិ ឃុំ និងអ្នកពាក់ពន្ធ័មួយចំនួន។ សហគមន៍មានមុខរបរសំខាន់ៗចំនួន ៣គឺ៖ មុខរបរឥណទាន(ប្រាក់បញ្ញើ និងឥណទានសាច់ប្រាក់) មុខរបរផ្គត់ផ្គង់ (ជំនួញជីកសិកម្ម និងប្រេងឥន្ធនៈ) និងមុខរបរសេវាកម្ម (សេវាកម្មភ្ជួររាស់)។ ក្នុងឆ្នាំ២០២៣ នេះ សហគមន៍ទទួល័បានប្រាក់ចំណេញដុលសរុប ៦១,៣៧៨,០០០រៀល ដោយបែងចែកក្នុង ១ហ៊ុន ទទួលបាន ១,៨០០រៀល ចំណែកហ៊ុនសរុបមានចំនួន ២០,១៤៩។ នៅក្នុងឆ្នាំ២០២៤ សហគមន៍មានផែនការបង្កើនហ៊ុនបន្ថែមចំនួន ១,០០0ហ៊ុន និងសកម្មភាពជំនួញស្រូវពូជ ស្រូវចំណី។

គួរអោយកត់សំគាល់ដែរថា សហគមន៍ភ្នំដិនសែនសុខ ទទួលបានការគាំទ្រពីគម្រោងខ្សែច្រវាក់ផលិតកម្មដោយភាតរៈបរិស្ថាន (CFAVC) ដែលអនុវត្តគម្រោងដោយក្រសួងចំនួន ៣ រួមមានៈ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងធនធានទឹក  និងឧតុនិយម។ ដោយមានតម្រូវការពីសហគមន៍ គម្រោងបានជួយគាំទ្រឃ្លាំងស្រូវចំណុះ ១០០តោន ដែលបច្ចុប្បន្នមានស្រូវពូជចំនួន ៣៦,៧តោន បានវេចខ្ចប់ស្តុកក្នុងឃ្លាំងដើម្បីលក់អោយវិស័យឯកជនក្នុងតម្លៃទីផ្សារ និងគ្រោងគាំទ្រប្រលាយទឹកចំនួន ០១ខ្សែ លាតសន្ធឹងលើឃុំចំនួនពីរគឺឃុំភ្នំដិន និងឃុំគិរីចុងកោះ  មានប្រវែង ២,៦៣០ បានបញ្ចប់សិក្សាផលប៉ះពាល់។ ដេីម្បីជួយបង្កេីន ភាពងាយស្រួល និងពេលវេលាក្នុងការដឹកកសិផលពីសហគមន៍ទៅកាន់ទីផ្សារ  គម្រោងគ្រោងនឹងជួយសាងសង់ផ្លូវក្រាលកៅស៊ូមួយខ្សែបន្ថែមជូនសហគមន៍ នៅក្នុងដំណេីរការគម្រោងក្នុងជំហ៊ាន២  នាពេលខាងមុខ។

 

ចំនួនអ្នកចូលទស្សនា
Flag Counter