ថ្ងៃសុក្រ ១២ រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣
លោក ញ៉ិប ស្រ៊ន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តតាកែវ រួមនិងសហការី ចំនួន ១៣នាក់ និងលោក ទុយ សុភ័ក្ត្រ អភិបាលរងខេត្ត លោកអភិបាល ស្រុកគិរីវង់ កងកម្លាំងប្រដាបលអាវុធ និងអ្នកពាក់ព័ន្ធ បានចុះជួយបោកស្រូវប្រជាពលរដ្ឋដែលគាត់ច្រូតហើយនៅក្នុងឃុំគោកព្រេច ស្រុកគិរីវង់ ដើម្បីពន្លឿនការប្រមូលផលឱ្យទាន់ពេលវេលា ព្រោះខ្វះកម្លាំងពលកម្ម។ គិតមកដល់ថ្ងៃនេះ ការច្រូតស្រូវ ទាំងការច្រូតដោយដៃ និងម៉ាស៊ីន (ច្រូតម៉ាស៊ីន កន្លែងស្រែដែលមានទឹករាក់អាចម៉ាស៊ីនចូលច្រូតបាន) បានសរុបប្រមាណ ៥០% នៃផ្ទៃដីដែលមានការប៉ះពាល់ដល់ស្រូវទូទាំងឃុំ ដែលក្នុងថ្ងៃនោះ ស្រូវច្រូតដោយដៃបានប្រមាណ ៥០ហិកតា និងស្រូវដែលច្រូតដោយម៉ាស៊ីន បានប្រមាណ ៥០ហិកតា។ តាមការពិនិត្យមើល ស្រូវដែលប្រជា ពលរដ្ឋច្រូតដោយដៃ ប្រមូលទុកសម្រាប់បោកដោយម៉ាស៊ីន ម៉ៃស៊ក មានចំនួនច្រើនជាងថ្ងៃម្សិលម៉ិញ ៣ដង ដោយគាត់ដកកម្លាំងពលកម្មផ្ដោតទៅលើការច្រូត ឯកម្លាំងបោះស្រូវចូលម៉ាស៊ីនទុកភារកិច្ចជូនក្រុមការងារដែលចុះជួយ។ ទិន្នផលជាមធ្យម ៤តោន/ហ.ត តម្លៃស្រូវ ១ ២៥០៛/គ.ក្រ។ ក្រុមការងារបានលើកផែនការ ចុះមកជួយដល់ប្រជាពលរដ្ឋបន្តទៀតនៅថ្ងៃស្អែក បន្ថែមប្រមាណជាង ១០០នាក់បន្ថែមទៀត។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម