ថ្ងៃសៅរ៍ ៦ រោច ខែអស្សុជ ឆ្នាំថោះបញ្ចស័ក ពុទ្ធសករាជ ២៥៦៧ត្រូវនឹងថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៣
លោក ញ៉ិប ស្រ៊ន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តតាកែវ រួមនឹងលោក ទុយ សុភក្រ្ត័ អភិបាលរងខេត្ត អភិបាលរងស្រុកគិរីវង់ និងអ្នកពាក់ពន្ធ័ បានអមដំណើរ ឯកឧត្តម តូច ប៊ុនហួ រដ្ឋលេខាធិការក្រសួងកសិម្មរុក្ខាប្រមាញ់ និងនេសាទ និងប្រតិភូបានចុះពិនិត្យស្ថានភាពទឹកជំនន់ទឹកភ្លៀងដែលប៉ះពាល់ដល់ដំណាំស្រូវវស្សារបស់ប្រជាពលរដ្ឋនៅឃុំគោកព្រេច ឃុំអង្គប្រាសាទ និងឃុំតាអូរ ស្រុកគីរីវង់ ព្រមទាំងបានចុះពិនិត្យស្ថានភាពដាំដុះដំណាំស្រូវនៅស្រុកកោះអណ្តែត ខេត្តតាកែវ។ តាមការពិនិត្យជាក់ ស្តែងឃើញថា នៅក្នុងឃុំគោកព្រេច និងឃុំអង្គប្រាសាទ កសិករជួបប្រទះនឹងផលលំបាកក្នុងការប្រមូលផល (ចូលម៉ាស៊ីនច្រូតមិនកើតព្រោះទឹកជ្រៅពេក) ដែលតំបន់នេះមានផ្ទៃដីសរុបប្រមាណជិត ២ ០០០ ហិកតា។ នៅចំពោះមុខ កសិករកំពុងប្រមូលផលច្រូតដោយដៃបណ្តើរៗ។ ប្រសិនបើទឹកឆាប់ស្រកចុះ តំបន់នេះអាចដាំដុះស្រូវប្រាំងបានជាង ១ ០០០ហិកតា ដោយប្រើប្រាស់ទឹកក្នុងប្រឡាយ និងទឹកពីអាងបឹងពោរតាវ៉ា និងទឹកទំនប់ដើមថ្កូវ។ មូលហេតុសំខាន់ៗដែល បណ្តាលឱ្យទឹកនៅតំបន់នេះស្រកចុះយឺត គឺ ទី១.ការបើកទ្វារទឹកបណ្តោះចុះទៅទន្លេមានទំហំតូចពេក ដោយសារអ្នកនៅខាងក្រោមខ្លាចជន់លិចស្រូវរបស់ពួកគាត់ដែលទើបដាំដុះថ្មីនៅឃុំអង្គប្រាសាទចំនួន ៥០ហិកតា ទី២. មិនអាចបើកទឹកចុះទៅបឹងទន្លាប់ ដោយសារពេលនេះទឹកបឹងខ្ពស់ជាង និងកំពុងបង្ហូរចេញដែរ និងទី៣. ប្រឡាយមានស្រាប់ភ្ជាប់ទៅនឹងប្រឡាយមេដែលបង្ហូរទៅខាងស្រុកកោះអណ្តែត និងបុរីជលសារ មានដុះស្មៅច្រើននាំឱ្យស្ទះទឹកហូរ។ វិធានការដែលបានអនុវត្តនៅពេលនោះ និងទិសដៅបន្តមានដូចខាងក្រោម៖
-ជួយសម្របសម្រួលជួសជុល និងបើកទ្វារទឹកដែលគាំងបន្ថែមចំនួន ២ទៀត សរុប ៦ទ្វារទឹក ដើម្បីឱ្យទឹកស្រកចុះបានលឿន
-បានផ្តល់យោបល់ជូនអាជ្ញាធរមូលដ្ឋាន/ខេត្ត ឱ្យពិចារណាអំពីសំណូមពររបស់ប្រជាពលរដ្ឋក្នុងការស្នើជីកប្រឡាយរំដោះទឹកពីឃុំគោកព្រេច ទៅស្ពានភ្នំឆ្មាល់ (ព្រំប្រទល់តាកែវ និងកំពត) ដែលមានប្រវែងត្រឹមតែ ៥គីឡូម៉ែត្រប៉ុណ្ណោះ(មិនប៉ះពាល់ដីប្រជាពលរដ្ឋទេ) និងជំរុញការស្តារប្រឡាយសុបិន្ត (បច្ចុប្បន្នបានគោករាក់ហើយ) ដែលមានស្រាប់ប្រវែងប្រមាណជាង ១៧គីឡូម៉ែត្រ ពីគោកព្រេចទៅឫស្សី ៣គុម្ព និងបន្តទៅព្រែកជីកវិញតេ (វានឹងអាចនាំទឹកពីព្រែកវិញតេមកប្រើប្រាស់បន្ថែមក្នុងតំបន់នេះវិញ នៅរដូវប្រាំង) ដែលកន្លងមកខាងក្រសួងធនធានទឹកនិងឧតុនិយមបានចុះសិក្សារួចហើយ ដើម្បីជួយរំដោះ និងនាំទឹកមកស្រោចស្រពបានចំនួន ៤ឃុំ គឺឃុំគោកព្រេច រាមអណ្ដើក ព្រៃរំដេង និង អង្គប្រាសាទ។
-ផ្តល់យោបល់ដល់អាជ្ញាធរពិនិត្យជាប្រចាំ អំពីកម្ពស់ទឹកក្នុងស្រែដែលលិចលង់នេះ ដោយត្រូវបិទទ្វារទឹកវិញនៅពេលដែលទឹកស្រកចុះដល់កម្រិតទឹកអាចឱ្យម៉ាស៊ីនច្រូតចូលបាន ដើម្បីរក្សាទឹកសម្រាប់ដាំដុះស្រូវប្រាំងបន្ត។