អមដំណើរលោក ខាន់ សុខា អភិបាលរងខេត្ត ចុះពិនិត្យស្ថានភាពទឹកជំនន់ ក្នុងឃុំលំចង់ និង តាមបណ្តោយផ្លូវជាតិលេខ២ ស្រុកសំរោង ដែលបណ្តាលមកពីទឹកភ្លៀង និងជំនន់មកពីស្ទឹងស្លាគូ
ចេញ​ផ្សាយ ០១ តុលា ២០២០
188

ថ្ងៃពុធ ១៣ កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០

លោក ញ៉ិប ស្រ៊ន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តតាកែវ បាទនិងលោកប្រធានការិយាល័យនីតិកម្មកសិកម្មខេត្ត បានអមដំណើរលោក ខាន់ សុខា អភិបាលរងខេត្ត ចុះពិនិត្យស្ថានភាពទឹកជំនន់ ក្នុងឃុំលំចង់ និង តាមបណ្តោយផ្លូវជាតិលេខ២ ស្រុកសំរោង ដែលបណ្តាលមកពីទឹកភ្លៀង និងជំនន់មកពីស្ទឹងស្លាគូ។  តាមរបាយការណ៍របស់រដ្ឋបាលស្រុកសំរោងឃើញថាៈ ឃុំចំនួន ៣ ក្នុងស្រុកសំរោង បានទទួលរងផលប៉ះពាល់ជំនន់ទឹកភ្លៀង ក្នុងនោះរួមមានៈ ឃុំបឹងត្រាញ់ខាងត្បូង ឃុំលំចង់ និងឃុំសឹង្ហ។ តាមរយៈការចុះពិនិត្យជាក់ស្តែង និងបានសាកសួរប្រជាពលរដ្ឋនៅតំបន់នោះឃើញថា ជំនន់ទឹកភ្លៀងនេះបានស្រកចុះយ៉ាងច្រើនក្នុងថ្ងៃនេះ ដោយសារនៅតំបន់ខាងលើពុំសូវមានភ្លៀងធ្លាក់ផ្ទួនៗដូចកាលមុន។ គួរអោយកត់សំគាល់ដែរថា ជំនន់នេះក៏បានផ្តល់នូវប្រយោជន៍ផងដែរដល់ដំណាំស្រូវ ករណីវាមិនមានសន្ទុះធ្ងន់ធ្ងរបង្កអោយលិចផុតចុងស្រូវនោះទេ។  ពេលរសៀល ខ្ញុំបាទ និងសហការីបានជួបប្រជុំពិភាក្សាជាមួយក្រុមវិនិយោគទុនចិនដែលមានបំណងវិនិយោគលើប្រព័ន្ធស្រោចស្រព ការផលិតពូជស្រូវ និងការធ្វើឃ្លាំងស្តុកស្រូវ និងឡសម្ងួត នៅខេត្តតាកែវ។ ក្រុមការងារបានចុះពិនិត្យមើលប្រព័ន្ធធារាសាស្រ្តតាស៊ូងក្នុងឃុំបានកាម និងការដាំដុះដំណាំស្រូវក្នុងឃុំព្រៃល្វា ស្រុកព្រៃកប្បាស។

ចំនួនអ្នកចូលទស្សនា
Flag Counter