ចុះត្រួតពិនិត្យការងារសាងសង់ផ្ទះសំណាញ់ ដែលជាការគាំទ្រដោយកម្មវិធី(ASPIRE) ជូនដល់សហគមន៍កសិកម្ម និងបណ្ដុំអាជីវកម្មបន្លែ ចំនួន ១១ ទីតាំង
ចេញ​ផ្សាយ ៣០ កក្កដា ២០២០
281

ថ្ងៃពុធ ៩ កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២០

លោក អ៊ុច សេវាន្ធី ជាមន្ត្រីរដ្ឋបាល និងទីផ្សារ នៃកម្មវិធីអេស្ប៉ាយ (ASPIRE) ខេត្តតាកែវ និងជាប្រធានការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម បានចុះត្រួតពិនិត្យការងារសាងសង់ផ្ទះសំណាញ់ ដែលជាការគាំទ្រដោយកម្មវិធី (ASPIRE) ជូនដល់សហគមន៍កសិកម្ម និងបណ្ដុំអាជីវកម្មបន្លែ ចំនួន ១១ ទីតាំង រួមមាន ចំនួន ៤ទីតាំង ស្ថិតនៅក្នុងឃុំសោម ចំនួន ២ទីតាំង នៅក្នុងឃុំតាអូរ និងចំនួន ៥ទីតាំងទៀត ស្ថិតនៅក្នុងឃុំព្រះបាទជាន់ជុំ នៃស្រុកគីរីវង់។ ជាលទ្ធផលការសាងសង់ផ្ទះសំណាញ់នៅក្នុងឃុំសោម និងឃុំតាអូរ បានរួចរាល់ប្រមាណ ៩០ភាគរយ ចំណែកនៅក្នុងឃុំព្រះបាទជាន់ជុំវិញ ការសាងសង់សម្រេចបានប្រមាណ ៥០ភាគរយ (ដំឡើងគ្រោងដែករួចរាល់)។ បន្ទាប់មកទៀត លោកប្រធានការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម បានជួបពិភាក្សាជាមួយគណៈកម្មាធិការសហគមន៍កសិកម្មភូមិបីមានជ័យ ស្ថិតនៅក្នុងឃុំគីរីចុងកោះ ស្រុកគីរីវង់ ពីប្រតិបត្តិការមុខរបរទីផ្សារបន្លែ និងបានចុះពិនិត្យការផ្ដល់សេវា រៀបចំ នឹងដំឡើងប្រព័ន្ធស្រោចស្រព (ទ្រីប) សម្រាប់ចំការបន្លែជូនដល់សមាជិកសហគមន៍កសិកម្ម ដោយក្រុមការងារបច្ចេកទេសរបស់សហគមន៍កសិកម្ម ដែលនេះជាមុខរបរផ្គត់ផ្គង់ធាតុចូលកសិកម្ម និងសេវាកម្មកសិកម្ម របស់សហគមន៍កសិកម្មភូមិបីមានជ័យ ហើយដែលសហគមន៍កសិកម្មនេះក៏បាននឺងកំពុងទទួលបានការសហការគាំទ្រពីអង្គការទស្សនៈពិភពលោកកម្ពុជាផងដែរ។

ចំនួនអ្នកចូលទស្សនា
Flag Counter