អមដំណើរ ឯកឧត្តម ហាស់ សារ៉េត រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចុះពិនិត្យមើលការចិញ្ចឹមបង្កងនៅក្នុងស្រុកអង្គរបូរី
ចេញ​ផ្សាយ ២៩ ឧសភា ២០២០
59

ថ្ងៃសុក្រ ៨កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃ ទី២៩ ខែឧសភា ឆ្នាំ២០២០

លោក ញ៉ិប ស្រ៊ន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តតាកែវ និងសហការី បានអមដំណើរ ឯកឧត្តម ហាស់ សារ៉េត រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចុះពិនិត្យមើលការចិញ្ចឹមបង្កងនៅក្នុងស្រុកអង្គរបូរី រួមមាន៖

 

-កសិកដ្ឋានរបស់លោក ព្រុំ វ៉ាត ភូមិព្រៃសំបួរ ឃុំអង្គរបូរី ស្រុកអង្គរបូរី ដែលកំពង់ភ្ញាស់ និងចិញ្ចឹមបង្កង លើផ្ទៃដី ៥ហិកតា។ គាត់បានភ្ញាស់កូនបង្កងលក់បានប្រមាណ  ៥០០ ០០០កូន ក្នុងមួយឆ្នាំ ក្នុងតម្លៃ ២៥០រៀល ក្នុងមួយក្បាល។ សរុបជារួមក្នុងមួយឆ្នាំគាត់អាចរកចំណូលបាន ២០ ០០០ ទៅ ៣០ ០០០ដុល្លា ក្នុងមួយឆ្នាំ ពីការលក់កូនបង្កង និងបង្កង។ ក្នុងឱកាសនោះ ឯកឧត្តម បានជំរុញ និងលើកទឹកចិត្តលោកអោយបង្កើនការផលិត ផ្សព្វផ្សាយ និងជួយជំរុញអោយកសិករដ៏ទៃទៀត ដើម្បីអោយគាត់ចេះចិញ្ចឹមបង្កងដែរ។

 

-កសិដ្ឋានរបស់លោក ឡា អះម៉ាត់ នៅភូមិស្ទឹងកំបុត ឃុំអង្គរបូរី ស្រុកអង្គរបូរី ដែលកំពង់ចិញ្ចឹមបង្កង និងបង្កាត់បង្កងដោយធម្មជាតិលើផ្ទៃដីប្រមាណ ៣ហិកតា ក្នុងនោះមានស្រះចិញ្ចឹមចំនួន៤ និងស្រះបង្កាត់ចំនួនមួយដែលមានមេពូជជាង ១០០ក្បាល។ គាត់ទើបចាប់ផ្តើមចិញ្ចឹមបានមួយឆ្នាំកន្លងមក នាពេលបច្ចុប្បន្នគាត់កំពុងចិញ្ចឹមបង្កងជាង១០ម៉ឺនក្បាល ក្នុង ៤ស្រះ។ កាលពីឆ្នាំកន្លងមកគាត់ចិញ្ចឹមបានមួយស្រះមានបង្កងលក់ប្រមាណជាង ១តោន ដោយលក់ក្នុងតម្លៃ ១៣០ ០០០រៀល ក្នុងមួយគីឡូក្រាម និងកូនបង្កងលក់បាន១០ ០០០ក្បាល តម្លៃ ៥០០រៀល ក្នុងមួយក្បាល។ ក្នុងឱកាសនោះ ឯកឧត្តម បានជួបសំណេះសំណាលជាមួយអជ្ញារធរ និងបងប្អូនសាសនិកឥស្លាមចំនួន ១០នាក់ ឯកឧត្តមបានជំរុញអោយអជ្ញាធរក៏ដូចជាបងប្អូនកសិករបង្កើនការចិញ្ចឹមបង្កងដើម្បីអោយស្រុកអង្គរបូរីជាកន្លែងមួយដែលផលិតបង្កងបានច្រើនក្នុងប្រទេសកម្ពុជា។ 

ចំនួនអ្នកចូលទស្សនា
Flag Counter