អមដំណើរ ឯកឧត្តមរដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងគណៈប្រតិភូ ចុះពិនិត្យសកម្មភាពបានអនុវត្តនិងវឌ្ឍនភាពរបស់កម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ "ASPIRE"
ចេញ​ផ្សាយ ០៩ មេសា ២០២០
102

ថ្ងៃពុធ ០១រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២០

លោក ញ៉ិប ស្រ៊ន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តតាកែវ និងសហការីបានអមដំណើរ ឯកឧត្តមរដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងគណៈប្រតិភូ ចុះពិនិត្យសកម្មភាពបានអនុវត្តនិងវឌ្ឍនភាពរបស់កម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ "ASPIRE" នៅស្រុកបន្ទាយមាស ខេត្តកំពត។ ដូចកម្មវិធីដែលបានគ្រោងទុកនៅព្រឹកនេះ ឯកឧត្តមរដ្ឋមន្ត្រី និងគណៈប្រតិភូបានអញ្ជើញចុះពិនិត្យមានដូចជា៖ 

-កសិដ្ឋានបន្លែផ្ទះសំណាញ់ ការបូមទឹកដោយប្រើថាមពលព្រះអាទិត្យ ទស្សនាបន្លែ(ត្រសក់ ត្រកួន ស្ពៃ ត្រប់ ននោង សណ្តែកគួ ម្ទេស ត្រឡាច ជីគ្រប់មុខ និងល្ពៅ) របស់កសិករ ទេស សារី នៅភូមិព្រៃធំ ឃុំទូកមានខាងលិច ស្រុកបន្ទាយមាស ខេត្តកំពត។ 

 

-ជួបសមាជិកសហគមន៍កសិកម្ម និងបណ្តុំអាជីវកម្មបន្លែព្រៃធំ ធាតុចូលដែលផលិត និងលក់ចែកចាយដោយសហគមន៍ព្រៃធំ និងបណ្តុំអាជីវកម្មធាតុចូលកសិកម្ម។ 

 

-ជួបជាមួយបណ្តុំអាជីវកម្មមាន់សាច់ នៅភូមិតាព្រឹត្ត ឃុំស្តេចគង់ខាងលិច ស្រុកបន្ទាយមាស៕

 

បន្ទាប់ចេញពីស្រុកបន្ទាយមាស ខេត្តកំពត ឯកឧត្តមរដ្ឋមន្ត្រី និងគណៈប្រតិភូបានបន្តដំណើរមកកាន់ស្រុកត្រាំកក់ ខេត្តតាកែវ ដើម្បីពិនិត្យសកម្មភាពដាំបន្លែចម្រុះ និងចិញ្ចឹមគោរបស់លោកពូ អ៊ុន អឿន ដែលជាសមាជិកសហគមន៍កសិកម្មសាមគ្គីត្រពាំងចក ស្ថិតក្នុងភូមិត្រពាំងចក ឃុំត្រាំកក់ ស្រុកត្រាំកក់ ខេត្តតាកែវ។ តាមអោយដឹងរបស់កសិករ អ៊ុង អឿន ថាៈ សព្វថ្ងៃបន្លែសុវត្ថិភាពគ្រប់ប្រភេទមានតម្លៃកើនឡើង បន្ទាប់ពីរដ្ឋាភិបាលបិទការនាំចូលបន្លែពីប្រទេស ជិតខាង។

 

ឯកឧត្តមរដ្ឋមន្រ្តីក៏បានក្រើនរំលឹកបងប្អូនទាំងអស់ត្រូវតែបង្កើនការប្រុងប្រយ័ត្នដើម្បីរួមគ្នាបង្ការ និងទប់ស្កាត់ជំងឺកូវីដ-១៩ នេះឱ្យមានប្រសិទ្ធភាពខ្ពស់ ដោយត្រូវអនុវត្តឲ្យបានខ្ជាប់ខ្ជួនតាមការណែនាំរបស់ក្រសួងសុខាភិបាល។

 

 

ចំនួនអ្នកចូលទស្សនា
Flag Counter