របាយការណ៍របស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ក្នុងឪកាសពិធីបុណ្យដារលាន
ចេញ​ផ្សាយ ០៦ កុម្ភៈ ២០២០
420

របាយការណ៍របស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ក្នុងឪកាសពិធីបុណ្យដារលាន

ភូមិខ្លាកូន ឃុំពត់សរ ស្រុកបាទី ខេត្តតាកែវ

ថ្ងៃពុធ ៥កើត ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣

ត្រូវនឹងថ្ងៃទី២៩ ខែមករា ឆ្នាំ២០២០

3

-      សូមថ្វាយបង្គំព្រះថេរាថេរៈគ្រប់ព្រះអង្គរ..............ជាទីសក្ខារៈ

- សូមគោរព ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាទីគោរព ដ៏ខ្ពង់ខ្ពស់!

-      សូមគោរពឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ

-      សូមគោរព ឯកឧត្តម អ៊ូច ភា  អភិបាល នៃគណៈអភិបាលខេត្តតាកែវ

-      សូមគោរព ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្តតាកែវ ជាទីគោរព!

- សូមគោរព ឯកឧត្តម ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាល​ទទួលបន្ទុកជាអគ្គនាយក អគ្គនាយកដ្ឋាន កសិកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ

-      សូមគោរព លោកប្រធាន អនុប្រធានមន្ទីរជុំវិញខេត្ត

-      សូមគោរព លោកអភិបាលស្រុកបាទី និងលោកមេឃុំពុតសរ

- សូមគោរព ឯកឧត្តម លោកជំទាវ ភ្ញៀវជាតិ-អន្តរជាតិ លោក លោកស្រី លោកគ្រូ អ្នកគ្រូ សិស្សា នុសិស្ស លោកតា​លោកយាយ និងបងប្អូនប្រជាកសិករ ទាំងអស់​ជាទីគោរព និងជាទីស្រឡាញ់។

អង្គពិធីទាំងមូល ជាទីគោរព!

ថ្ងៃនេះ ខេត្តតាកែវ មានកិត្តិយសដ៍ឧត្តុងឧត្តម ដោយបានក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអាជ្ញាធរខេត្ត អនុញ្ញាតឲ្យធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំ​ប្រារព្ឋពិធីបុណ្យ​ដារលាន​ថ្នាក់ជាតិ ដែលមានអគ្គនាយកដ្ឋានកសិកម្ម និងមន្ទីរកសិកម្ម​ រុក្ខាប្រមាញ់ និងនេសាទខេត្ត សហការគ្នារៀបចំ​ដូច​បាន​និងកំពុងដំណើរការនាពេលនេះ។​

ពិធីបុណ្យដារលាន ជាពិធីបុណ្យទាក់ទង​ទៅនឹងជំនឿ​សាសនាដែលប្រជាពលរដ្ឋខ្មែរភាគ​ច្រើន​​ជាកសិករ​​តែងតែប្រកាន់ភ្ជាប់នូវប្រពៃណីប្រារព្ឋពិធីបុណ្យផេ្សងៗតាមរដូវកាល ជំនឿ និង​​ធនធាន​របស់ខ្លួន។ ពិធីនេះ​​មានទិសដៅដើម្បីរំលឹក ដឹងគុណម្ចាស់ទឹក ម្ចាស់ដី ដែលបាន បន្សល់ទុកនូវមរតកដ៏ត្រកាលនេះ​​ឲ្យកូនចៅជំនាន់ក្រោយប្រកបរបចិញ្ចឹមជីវិត។ ព្រឹទ្ធាចារ្យជំនាន់ ដើមចាត់ទុកថា ស្រូវអង្ករជាអ្នកមានគុណប្រៀបដូចម្តាយហេតុដូច្នេះហើយបានជាមានពាក្យ ពោលថា "ស្រូវជាព្រះមេ"។ ពិធីនេះក៏បានផ្តល់ លទ្ធភាពឲ្យ​បងប្អូនប្រជាកសិករ​​បាន​ជួបជុំមូល មិត្តជិត ឆ្ងាយ បានពិភាក្សាគ្នាទៅវិញទៅមកអំពីផលស្រូវ និងរិតចំណងសាមគ្គីភាព មនោ សញ្ចេតនា​រវាងញាតិមិត្ត ជិតឆ្ងាយទាំងអស់ផងដែរ។

ឆ្លៀតក្នុងឪកាសដ៏ថ្លៃថ្លានេះ តាងនាមឲ្យមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ខ្ញុំបាទសូមអនុញ្ញាត​​ គោរព​ និងរាយការណ៍ជូននូវ ការងារលើវិស័យកសិកម្មក្នុង ខេត្តតាកែវ  ដែលមន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ​ខេត្ត ​បានអនុវត្តន៍ដូចតទៅ៖

 

១. សភាពការណ៍រួម

នៅក្នុងឆ្នាំ ២០១៩ កន្លងផុតទៅថ្មីៗនេះ នៅខេត្តតាកែវ អាកាសធាតុក្តៅ សើម មានភ្លៀង ធ្លាក់មធ្យម ​១២០៧,២៤មមគឺទាបជាងឆ្នាំ២០១៨ ចំនួន ៤៤,៣៤មមមានកូនរដូវប្រាំង ក្នុងខែកក្កដា និង ខែសីហា និងមានភ្លៀងកក់ខែតិចតួចបំផុតដែល ជាហេតុធ្វើអោយប៉ះពាល់ ដោយរាំងស្ងួតចំនួន ១៨៥​ហិកតា នៅរដូវវស្សា ហើយត្រូវបានជួយសង្គ្រោះវិញទាន់ពេលវេលា ទាំងស្រុង។

២. ការងារបង្កបង្កើនផលស្រូវ និងដំណាំក្នុងឆ្នាំ ២០១៩- ២០២០

- ការងាបង្កបង្កើនផលស្រូវរដូវវស្សា៖

                អនុវត្តបានចំនួន ២០៩ ៣៧៣ ហិកតា ស្មើនឹង ១១៦,៣២ ភាគរយ ទទួល ទិន្នផលបាន ៣,៣៩៨ តោន/ហិកតា និងបរិមាណផលសរុបទទួលបានចំនួន ៧១១ ៤២៣ តោន គឺលើសឆ្នាំ២០១៨ ចំនួន ៣៥ ៣៧២តោន។

- ការងាបង្កបង្កើនផលស្រូវប្រាំង៖

                អនុវត្តបានចំនួន ១០១ ៥១១ ហិកតា ស្មើនឹង ១២៦.៨៩ភាគរយ ទទួល ទិន្នផលបាន ៤,៨៩៨ តោន/ហិកតា បច្ចុប្បន្នកំពុងដំណើរការច្រូតកាត់បានចំនួន ៦ ៣២៥ ហិកតា សង្ឃឹមថា ពេល ច្រួតកាត់រូចទទួលបរិមាណផលសរុបចំនួន ៤៩៧ ២០១ តោន។

- ដំណាំរួមផ្សំរួមមាន ៖ ដំឡូងមី ដំឡូងជ្វា សណ្តែកបាយ សណ្តែកដី ពោត អំពៅ ឪឡឹក និងបន្លែគ្រប់មុខ

§  រដូវវស្សាដាំបានចំនួន ៣ ៧៦៧ ហិកតា

§  រដូវប្រាំងដាំបានចំនួន ៤ ០៤២ ហិកតា

- ការប៉ាន់ស្មានតុល្យភាពស្បៀងឆ្នាំ ២០១៩-២០២០៖

បរិមាណផលស្រូវសរុបទាំងប្រាំង និងវស្សា ទទួលបានចំនួន ១ ២០៨ ៦៥០ តោន ដោយដកចេញនូវការទុកពួជ បាត់បង់ ១៣ភាគរយ និងស្បៀងសម្រាប់ បរិភោគទូទាំងខេត្ត នៅសល់ស្បៀងជាស្រូវសម្រាប់នាំចេញទៅក្រៅខេត្ត និងក្រៅប្រទេស  ចំនួន ៨២១ ៥០៧តោន ស្មើនិង ៥២៥ ៧៦៤តោន អង្ក គឺលើសពីឆ្នាំ២០១៨ ចំនួន ២២ ០០៥ តោន។

 

៣. ការងារផ្សព្វផ្សាយកសិកម្ម

        យោងតាមអនុសាសន៍​ របស់ ឯកឧត្តមរដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តមអភិបាល នៃគណៈអភិបាលខេត្ត និងអគ្គនាយកដ្ឋាន ចំណុះឲ្យ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ  មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានជុំរុញ ឲ្យ ការិយាល័យជំនាញ ផ្សព្វផ្សាយពីការប្រើប្រាស់ គ្រឿងយន្តកសិកម្ម តាមបច្ចេកទេស និងការដាំដុះ ថែទាំ ដំណាំគ្រប់ប្រភេទតាមតម្រូវការទីផ្សារ ដោយប្រើប្រព័ន្ធដំណក់ទឹក និង ផ្ទះសំណាញ់ ដោយថាមពលព្រះអាទិត្យ និងបង្កើតបណ្តុំប្រមូលទិញបន្លែ នៅតាម សហគមន៍កសិកម្ម និងបណ្តុំជាជីវកម្មពងមាន់ ដើម្បីយកទៅលក់ នៅទីផ្សារទំនើប ដោយតម្លៃសមស្រប និងអនុវត្តនូវផលិតកម្មកសិកម្មតាមកិច្ចសន្យា ដោយកុងត្រាជាមួយ ក្រុមហ៊ុនឯកជន។ ជាក់ស្តែងការប្រើប្រាស់គ្រឿងយន្តកសិកម្មសម្រាប់ភ្ជួររាស់ និងច្រូតកាត់ នៅខេត្តតាកែវគឺមាន ៩៩,៦០ ភាគរយ។

បានចងក្រងបណ្តុំអាជីវកម្មកសិករផលិតបន្លែចំនួន ១៦ បណ្តុំ ដោយទិញលក់បន្លែនៅ រដូវប្រាំង បានជាមធ្យម ៣តោន/មួយថ្ងៃ និងនៅរដូវវស្សាចំនួនជាមធ្យម ១តោន/មួយថ្ងៃ ក្នុងបណ្តុំនីមួយៗ  បណ្តុំអាជីវកម្មស្រូវចំនួន ១៤កន្លែង និងបណ្តុំអាជីវកម្មមាន់ចំនួន ៨ កន្លែង ក្នុងអនុកម្មវិធីASPIRE។ សហគមន៍កសិកម្ម ផលិតស្រួវពូជលក់ ដោយមានការគាំទ្រពី JICA និងគម្រោងជំរុញ ផលិតកម្មស្បៀងចំនួន ២កន្លែង និង​សហគមន៍គម្រូចំនួន ៣ ។ សហគមន៍ ដំរីរមៀល បានចុះកិច្ចសន្យា ជាមួយក្រុមហ៊ុនAMRU RICE ចំនួន ៤៩០តោនស្រូវ ។

ទន្ទឹមនិងនោះការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម បានធ្វើការបណ្តុះបណ្តាល ការគ្រប់គ្រងអាជីវកម្ម និងការគ្រប់គ្រងហិរញ្ញវត្ថុ ដល់សហគមន៍ទាំង ១៥២ និងក្រុមសន្សំចំនួន ២៣២ ទូទាំងខេត្ត ​ដែលមានមុខរបរ ឥណទានកសិកម្ម ផ្គត់ផ្គង់សម្ភារកសិកម្ម សេវាកម្មកសិកម្ម និងទីផ្សារ ដែលភាគច្រើន នៃសហគមន៍មានទុនលើស ១០០លានរៀល និងមានខ្លះ មាន ទុនលើស១០០០លានរៀល ជាក់ស្តែង សហគមន៍កសិកម្មខ្វាវអមតមានទុនជាង ៣០០០ លាន រៀល និងជួលបុគ្គលិកថ្នាក់បរិញ្ញាបត្រ មកធ្វើការក្នុងសហគមន៍។

ដើម្បីលើកទឹកចិត្តដល់សហគមន៍កសិកម្ម ក្នុងទិសដៅចូលរួមចំណែកបង្កើនប្រាក់ចំណូល ដើម្បីអោយប្រទេសជាតិក្លាយជាប្រទេសចំណូលមធ្យមកំរិតខ្ពស់ នាឆ្នាំ២០៣០ ខាងមុខ។

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានគ្រោងប្រើប្រាស់ថវិកាកម្ចី ADB សហការ ជាមួយក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងធនធានទឹក និងឧតុនិយម មានឈ្មោះថា គម្រោង ខ្សែច្រវ់ាក់ផលិតកម្មកសិកម្ម ដោយភាតរបរិស្ថាន និងជួយជាផ្លួវ ប្រព័ន្ធធារាស្រ្ត ឃ្លាំងស្តុកស្រូវ ឡសម្ងួត និងបណ្តុះបណ្តាលបច្ចេកទេសការប្រើប្រាស់ ដល់សហគមន៍កសិកម្មចំនួន ១៨ សហគមន៍ នៅខេត្តតាកែវ ក្នុងនោះមាន២ សហគមន៍ នៅស្រុកបាទីនេះ។

៤. កាងារផលិតកម្ម និងបសុព្យាបាល

        បានជំរុញ និងផ្សព្វផ្សាយដល់កសិករ ឲ្យធ្វើការផ្លាស់ប្តូរពូជគោ ពីគោតូចមក ប្រើគោកូនកាត់ ដោយធ្វើការបង្កាត់តាមរយៈផ្ទាល់ និងសប្បនិម្មិត្ត ដែលសព្វថ្ងៃទូទាំងខេត្តមាន គោចំនួន​ ៣២១ ១៧៩ ក្បាល ក្នុងនោះគោកូនកាត់ ៨០ភាគរយ មានកសិដ្ឋានចិញ្ចឹមគោ ចំនួន ៦ កន្លែង ។ ជ្រូកមាន ២៣៦ ១២០ក្បាល មានកសិដ្ឋានចិញ្ចឹមដោយសហការជាមួយ ក្រុមហ៊ុន CP ចំនួន ៥៦ កន្លែង។  មាន់មានចំនួន ២ ១៤៨ ៤៥០ក្បាល ចិញ្ចឹមជាលក្ខណៈគ្រួសារ និងមានកសិដ្ឋានចិញ្ជឹមចំនួន ៥៤ កន្លែង និងទាមានចំនូន ១ ៦១២ ៩៧០ក្បាល និង កសិដ្ឋានចិញ្ចឹមទាចំនួន ១៧២ កន្លែង និងកន្លែងភ្ញាស់ពងទាចំនួន ៥២ កន្លែង។ ក្នុងទូទាំងខេត្ត មានឡជីវឧស្ម័ន ក្នុងគម្រោង NBP ចំនួន ៥ ២០៤ឡ។

៥. កាងារដ្ឋបាលព្រៃឈើ

ទូទាំងខេត្តមានសហគមន៍ព្រៃឈើបានចុះកិច្ចព្រមព្រៀងរួចហើយចំនួន ៧សហគមន៍ និងកំពុងដំណើរការចុះកិច្ចព្រមព្រៀងចំនួន ៥សហគមន៍ ស្ថានីយផ្សព្វផ្សាយ និងស្តារព្រៃឈើ ២ កន្លែង មានផ្ទៃដីសរុបចំនួន ២០១៤ហិកតា និងមានថ្នាលបណ្តុះកូនឈើចំនួន ៣កន្លែង បណ្តុះកូនឈើ  បានចំនួន១​០៣ ៥០០ ដើម។

៦. កាងារដ្ឋបាលជលផល

ទូទាំងខេត្តមានសហគមន៍នេសាទចំនួន ១៨សហគមន៍ ក្នុងនោះបានចុះបញ្ជីហើយចំនួន ១០សហគមន៍ និងស្ថានីយ៍ភ្ញាស់កូនត្រីកំពុងដំណើរការចំនួន ២២ ស្ថានីយ៍  និងផលិតកូន ត្រីបានចំនួនប្រមាណ១៨ ទៅ ​២០លានកូនក្នុង ១ឆ្នាំ សម្រាប់លក់ចេញទៅក្នុងខេត្ត និង ក្រៅខេត្ត។ ស្រះចិញ្ចឹមត្រីកំពុងដំណើរការចំនួន ៨ ៥៣០ស្រះ។

 

៧. ទិសដៅ

ដើម្បីសម្រេចបានតាមទិសដៅរបស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសទិសដៅ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទេខត្ត នឹងអនុវត្ត ការងារមួយចំនួនដូចតទៅ៖

ជំរុញការដាំដុះ ថែទាំ ដំណាំស្រូវ និងដំណាំផ្សេងៗ តាមបច្ចេកទេសទំនើបដោយប្រើ ប្រព័ន្ធ ដំណក់ទឹក ផ្ទះសំណាញ់ ដើម្បីឆ្លើយតបតម្រូវការទីផ្សារ ដោយសហការជាមួយ ដៃគូរអភិវឌ្ឃន៍ វិស័យឯកជន សហគមន៍កសិកម្ម និងកសិករ ហើយអនុវត្តតាម កសិកម្មល្អ (GAP) និងសម្រមសម្រួល អោយមានកិច្ចសន្យាទិញលក់ក្នុង តម្លៃសមរម្យ។

សហការជាមួយកម្មវីធី និងគម្រោងនានាដើម្បីអភិវឌ្ឍន៍ការងារកសិកម្មជាលក្ខណៈប្រព័ន្ធ ខ្សែច្រវ៉ាក់ ផលិតកម្មកសិកម្ម និងបង្កើនចំនួនសហគមន៍កសិកម្ម ធ្វើកិច្ចសន្យាជាមួយ ក្រុមហ៊ុន AMRU RICE។

ពង្រីកការងារចិញ្ចឹមសត្វតាមបច្ចេកទេស ដោយសហការជាមួយដៃគូរឯកជន ផ្លាស់ប្តូរ ពូជសត្វ ដែលមានតម្លៃខ្ពស់ក្នុងទីផ្សារ។

បង្កើនការគ្រប់គ្រងធនធានធម្មជាតិ ព្រៃឈើ និងមច្ឆាជាតិ និង ពង្រីកវារីវប្បកម្ម

ជំរុញអោយមានការប្រើប្រាស់គ្រឿងយន្តកសិកម្មទំនើប ដើម្បីកាត់បន្ថយកំលាំងពលកម្ម បន្ថយការបាត់បង់ក្នុងពេលប្រមូលផល។

បន្តពង្រឹង និងបង្កើនសមត្តភាពការគ្រប់គ្រងជី ថ្នាំកសិកម្ម អោយកាន់តែប្រសើរឡើង។

 

ជាទីបញ្ចប់តាំងនាមឲ្យមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខ្ញុំបាទសូមថ្លែង​នូវ​អំណ​គុណ​​យ៉ាងជ្រាលជ្រៅបំផុតជូនចំពោះ ឯកឧត្តម រដ្ឋមន្រ្តី ឯកឧត្តម រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ  ឯកឧត្តម អភិបាល នៃគណៈអភិបាលខេត្តតាកែវ ឯកឧត្តម លោកជំទាវ លោក លោកស្រី ​ភ្ញៀវជាតិ-អន្តរជាតិ លោកគ្រូ អ្នកគ្រូ សិស្សា នុសិស្ស លោកតា ​លោកយាយ និង​បងប្អូនប្រជា កសិករទាំងអស់​ដែលបានចំណាយពេលវេលា​ដ៏មានតំលៃ ដើម្បីចូលរួម និងផ្តល់​កត្តិយស ដ៏ឧត្តុងឧត្តម​ក្នុង​ពិធីនេះនឹង សូមថ្វាយព្រះពរ និងគោរពជូនពរ ជួបតែសេចក្តីសុខ និងទទួលបាន នូវពុទ្ឋិពរ ទាំងប្រាំប្រការគឺៈ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិពានៈ ​កុំបី​ឃ្លាងឃ្លាត​ឡើយ ៕

                                                                                   សូមអរគុណ!

ចំនួនអ្នកចូលទស្សនា
Flag Counter