ប្រសាសន៍សំណេះសំណាលរបស់ឯកឧត្តមអភិបាល នៃគណៈអភិបាលខេត្តតាកែវក្នុងពិធីបុណ្យដារលាន
ចេញ​ផ្សាយ ០៦ កុម្ភៈ ២០២០
197

ថ្ងៃពុធ ៥ កើត ខែមាឃ  ឆ្នាំកុរ ឯកស័ក ពស ២៥៦៣  ត្រូវនឹងថ្ងៃទី២៩ ខែមករា ឆ្នាំ២០២០

....................................................................................................................................

 សូមគោរព ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ

 សូមគោរពឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
  សូមគោរព ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្តតាកែវ

   សូមគោរព ឯកឧត្តម ងិន ឆាយ    ប្រតិភូរាជរដ្ឋាភិបាល​ទទួលបន្ទុកជាអគ្គនាយក    អគ្គនាយកដ្ឋានកសិកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ

សូមគោរព ឯកឧត្តម លោកជំទាវ ភ្ញៀវជាតិ-អន្តរជាតិ លោក លោកស្រី លោកគ្រូ អ្នកគ្រូ សិស្សា នុសិស្ស លោកតា​លោកយាយ និងបងប្អូនប្រជាកសិករ ទាំងអស់​ជាទីគោរព រាប់អាន ។

        ជារៀងរាល់ឆ្នាំ ក្រោយពេលបងប្អូនប្រជាកសិករបានបញ្ចប់ការ​ប្រមូល​និងទុកដាក់ ផល​​ស្រូវ​​រួចរាល់ នៅតំបន់នេះបងប្អូនប្រជា​កសិករតែងតែ ប្រារព្វ​ពិធីបុណ្យ​ដារភូមិ​ជា​រៀង​​រាល់ឆ្នាំ ដែលមានលក្ខណៈ ប្រហាក់​ប្រហែល​នឹង​បុណ្យដារលានដែរ។ បុណ្យដារលាននេះ ត្រូវបានអ្នក​ស្រុកហៅខុសៗគ្នាទៅតាម តំបន់នីមួយៗដែល​តំបន់​ខ្លះ​ហៅថាបុណ្យដារលាន បុណ្យសាមគ្គី បុណ្យកណ្តាលភូមិ និងបុណ្យដារបាតលាន​​ជាដើម។ ទោះបីមានឈ្មោះ​ខុសគ្នា​ក៏ពិតមែន តែគោលបំណងនៃពិធីបុណ្យដូចគ្នាគឺ ដើម្បីរំឮកគុណ​ម្ចាស់ទឹក​ម្ចាស់ដី ដោយ​សារទឹកនិងដី ជាកត្តាចម្បងមិនអាចខ្វះបានសម្រាប់របរកសិកម្ម ជាពិសេសការផលិត​ស្រូវអង្ករ​សម្រាប់ ​​ចិញ្ចឹម​ជីវិតពីមួយជំនាន់មកមួយជំនាន់បន្តគ្នារហូតមកហើយ ទឹកដី ព្រៃព្រឹក្សា នេះជាមរតក​ដ៏ត្រកាល​ដែល​បុព្វបុរសខ្មែរបានការពារទុកសម្រាប់កូនចៅជំនាន់ ក្រោយៗប្រកបរបរចិញ្ចឹមជីវិត។ ទន្ទឹមនឹងនេះ ការរៀបចំពិ​ធីបុណ្យនេះ​ គឺដើម្បីសុំខមាទោស នូវ​អំពើ​ឆ្គាំឆ្គង​ទាំងឡាយដែល​កូនចៅ​បានប្រព្រឹត្តប៉ះពាល់ក្នុងរដូវបង្កបង្កើន​ផល​​ដូចជាការ​បន្ទោរបង់ទឹកមូត្រ ឬដើរជាន់លើ​វាល​ស្រែ និងការកាប់គាស់ភ្ជួររាស់ជាដើម ព្រោះព្រះធរណី​ជាប្រភព​ធ្វើឱ្យ​ស្រូវដុះលូតលាស់។

        ការរៀបចំពិធីបុណ្យដារលាននេះ មានគោលបំណងបំផុសបងប្អូនប្រជាកសិករខ្មែរឱ្យ ចូល​រួម​​ចំណែក​អភិវឌ្ឍន៌វិស័យកសិ​​​​កម្មក្នុងទិសដៅធានានិរន្តរភាពស្បៀង ភាពរីកចម្រើន នៃសេដ្ឋកិច្ច​សង្គម និងរក្សាការពារ បាននូវវប្បធម៌ ប្រពៃណីជាតិផង។

        ពិធីបុណ្យដារលាននេះ ជាពិធីបុណ្យទាក់ទង​នឹងជំនឿ​សាសនាដែលប្រជាពលរដ្ឋភាគ​ច្រើន​ជា​កសិករ​​តែងតែប្រកាន់ខ្ចាប់នូវប្រពៃណីប្រារព្វពិធីបុណ្យផេ្សងៗតាមរដូវកាល ជំនឿ និងធន​ធាន​របស់ខ្លួន។ ពិធីបុណ្យដារលាន​​នេះ ប្រារព្វឡើងជារៀង​រាល់ឆ្នាំទៅតាមទំនៀម ទម្លាប់ប្រពៃណី​ខ្មែរ ​ដើម្បី​​​រក្សា​អត្តសញ្ញាណ​​ព្រលឹង​ជាតិខ្មែរ​ឱ្យបានគង់វង្សក៏​ដូចជាបង្កឱកាស ដល់កសិករឱ្យបាន​ជួប​ជុំ​ញាតិមិត្តជិតឆ្ងាយ ពង្រីក​ចំណង សាមគ្គី​ភាព មិត្តភាព និងចូលរួម​ផ្លាស់ប្តូរមតិយោបល់គ្នាលើ​ការ​ងារ​​​បង្កបង្កើនផលឆ្នាំ​កន្លងមក​ហើយជាពិសេស ដើម្បី​ចូលរួម កម្សាន្ត​សប្បាយ​បន្ទាប់​ពីបាន​ចំណាយ​​អស់​កម្លាំងកាយកម្លាំងចិត្តគ្រប់បែបយ៉ាង ក្រោម​កម្តៅ​​ព្រះអាទិត្យ និងភ្លៀងផ្គរ​យ៉ាង​ប្តូរផ្តាច់​​​​ អស់​រយៈ​ពេលមួយរដូវនៃការងារបង្កបង្កើនផលរបស់ ខ្លួនកន្លងមក។

ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយរដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដំណើរការអភិវឌ្ឍប្រទេសជាតិ រាជរដ្ឋាភិបាល​បានចាត់ទុក​វិស័យ​កសិកម្មជាវិស័យ​អាទិភាព​គ្រប់កាលៈទេសៈ។ នៅឆ្នាំ២០១៨ តាមការវាយរម្លៃបាន បង្ហាញថា វិស័យ​កសិកម្ម​នៅ​កម្ពុជាបានចូលរួមចំណែក​ប្រមាណ ២៣,៥ភាគរយ នៃផលិតផលសរុប (ផសស) ​ក្នុងនោះវិស័យដំណាំ ៥៨.១ភាគរយ វិស័យផលិតកម្ម និងបសុព្យាបាល ១១.១ភាគរយ វិស័យជលផល ២៤ភាគរយ និងវិស័យព្រៃឈើ​ប្រមាណ ​៦.៧ភាគរយ​។ ម្យ៉ាងទៀត​ខឿន​សេដ្ឋកិច្ចជាតិ​ក៏ពឹង​ផ្អែក​មួយភាគធំលើវិស័យកសិកម្ម​ដែល​មានប្រជាជនជាង ៨០ភាគរយ ប្រកប​របរនេះ។ តាមរបាយការណ៍ របស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានបង្ហាញថា ទូទាំងខេត្ត ផលិតស្រូវបាន ១ ២០៨ ៦៥០ តោន ហើយសល់ស្បៀងសម្រាប់នាំចេញ   ចំនួន ៨២១ ៥០៧ តោន និងផលិតកម្ម បន្លែ ពងមាន់ ពងទា ចងក្រងជាបណ្តុំអាជីវកម្ម សម្រាប់នាំទៅលក់នៅទីផ្សារទំនើប នេះជាការឈានឡើងមួយកំរិត ដែលពីមុនឆ្នាំ១៩៩០ ខេត្តតាកែវខ្វះស្បៀង ហើយខេត្ត និងមន្ទីរ បានខិតខំផ្សព្វផ្សាយកែទំលាប់កសិករ ដែលដាំដុះ ស្រូវឡើងទឹកមកប្រើពូជទំនើប មិនប្រកាន់រដូវ អនុវត្ត ២ ទៅ ៣ដង ក្នុងមួយឆ្នាំ អាស្រ័យតាមស្ថានភាព នៃការអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្រ្ត។ ជាក់ស្តែង នៅឃុំពត់សរ ប្រព័ន្ធធារាសាស្រ្តមួយផ្នែក គឺបង្ហៀរចូលស្រែតែម្តង។ ហើយ ឯកឧត្តមរដ្ឋមន្រ្តី បានចូល រួមចំណែកជាច្រើនទៅលើការបង្កើត និងស្តារប្រព័ន្ធធារាសាស្រ្ត នៅខេត្តតាកែវ និងលើក ទឹកចិត្តដល់កសិករដែលដាំបន្លែ និងកុងត្រាប្រមូលទិញតាមសហគមន៍ កសិកម្ម យកទៅ លក់នៅទីផ្សារភ្នំពេញ។ ឯកឧត្តម ចុះពិនិត្យផ្ទាល់ លើកទឹកចិត្តដល់កសិករចិញ្ជឹមមាន់ ភ្ញាស់កូនត្រី និងផ្តល់អនុសាសន៍ល្អៗ ដែលកត្តាមួយជំរុញមានការអភិវឌ្ឍន៍ រហូតមក ដល់ថ្ងៃនេះ ។

ទន្ទឹមនឹងនេះ ឯកឧត្តម នួន បូផល ប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយ ឃុំពត់សរ បានខិតខំជួយកសិករក្នុងការអភិវឍ្ឍន៍កសិកម្ម នៅក្នុងឃុំពត់សរនេះ ដែលពីមុន អនុវត្តដាំដុះបានតែម្តងក្នុងមួយឆ្នាំ ឥឡូវបានប្រមូលផល ២ ទៅ ៣ ដងក្នុងមួយឆ្នាំ។

ក្នុង​ឱកាស​សំណេះ​សំណាល​ក្នុងពិធី​បុណ្យដារលាននេះ ខ្ញុំសូម​ផ្តល់អនុសាសន៍​ដូចខាងក្រោម ៖

ទី១-   ត្រូវយកចិត្តដាក់ខ្ពស់ទៅលើការជ្រើសរើសពូជ ប្រភេទពូជស្រូវដែលទីផ្សារ ត្រូវការ ដែលឆ្លើយ​តប​នឹងក្សេត្របរិស្ថាន និងយកគ្រាប់ពូជស្រូវសុទ្ធល្អ​មកធ្វើ​ការ​​ដាំដុះ ដើម្បីទទួលបាន​ទិន្នផលខ្ពស់ គុណភាពល្អ និងលក់បានថ្លៃខ្ពស់។ ការប្រើប្រាស់​ពូជ​ទាំងនេះ ក៏ត្រូវមានលក្ខណៈប្រមូល​ផ្តុំទៅតាមសហគមន៍ ឬមូលដ្ឋាននិមួយៗដែលសម ស្របទៅ​នឹងលក្ខណៈសម្បត្តិនៃពូជនិមួយៗ ដែល​អាច​ផ្តល់នូវភាពងាយស្រួលដល់ការ ប្រមូលទិញ​និងកែ​ច្នៃ និងធានាបាននូវភាពសុទ្ធនៃពូជនិមួយៗ។

ទី២-  ត្រូវយកចិត្តទុកដាក់ក្នុងការរៀបចំដីស្រែឱ្យបានត្រឹមត្រូវដោយភ្ជួររាស់ឱ្យសព្វល្អ និង​កៀរ​ពង្រាប​ឱ្យស្មើ​ល្អដើម្បីបង្កលក្ខណៈ ងាយស្រួលដល់ការដាំដុះ​ជាពិសេសការប្រើ ប្រាស់​ឧបករណ៍​ដាំជាជួរ ការ​គ្រប់​គ្រង​​​ទឹក ការគ្រប់គ្រងជី និងការកម្ចាត់សមាសភាពចង្រៃ។

ទី៣-  បន្តពង្រឹងការងារអប់រំផ្សព្វផ្សាយបច្ចេកទេសជូនដល់កសិករឲ្យកាន់តែទូលំ ទូលាយ និងស៊ី​ជម្រៅ​​​ថែម​ទៀត​តាមគ្រប់មធ្យោបាយជាអាទិ៍ ការចងក្រងបណ្តុំអាជីកម្ម ការបើកវគ្គ​​​​បណ្ដុះ​​បណ្ដាល​បច្ចេកទេសរយៈពេលខ្លី ការធ្វើ​​បង្ហាញ និងបង្កើតសហគមន៍ កសិកម្ម ដើម្បី​ងាយ​​ស្រួល​​ក្នុងការទទួលយក បច្ចេកទេសថ្មីៗ ឥណទាន និងការស្វែងរក​ទីផ្សារជាដើម។ ​

ទី៤-   ពង្រឹងសមត្ថភាពបណ្តុំអាជីវកម្ម និងសហគមន៍កសិកម្ម ដើម្បី​ផលិត​ក្នុងទ្រង់​ទ្រាយ​​ធំៗជា​លក្ខណៈ​ប្រមូលផ្តុំដោយ​អនុវត្តយន្តការ "ផលិតកម្មកសិកម្ម​​​​​​​​​​​​​​​​​​តាមកិច្ចសន្យា" ដោយ​ស្មោះ​​ត្រង់​រវាងអ្នកផលិត និង​អ្នកប្រមូលទិញ និងតាមគោលការណ៍ "ភូមិមួយផលិត ផលមួយ" ។​​

ទី៥-   ជំរុញខ្លាំងក្លាការងារចិញ្ចឹមសត្វ ចិញ្ចឹមត្រី ការងារដាំដុះដំណាំរួមផ្សំគ្រប់ប្រភេទ និង​បន្លែ​កុំឲ្យដី​នៅទំនេរ ជាពិសេសឆ្លៀតប្រើប្រាស់ឲ្យអស់លទ្ធភាពនូវសំណើមដីស្រែក្រោយ​ពេល​ប្រមូលផល​​​​ស្រូវរួច។ ត្រូវ​​ចង​​​ចាំថា ដីជាកម្មសិទ្ធិរបស់យើង គឺជាឃ្លាំងប្រាក់ និងជៀស វាង​ការលក់ដូរ​ទៅ​តាមការ​ឡើង-ចុះ​នៃតម្លៃ​ទីផ្សារ​ដី​ដោយ​ពុំបានពិចារណា។

ទី៦-   លើកកម្ពស់បច្ចេកទេសប្រមូលផល និងក្រោយពេលប្រមូលផលដើម្បីកាត់ បន្ថយ​ការ​បាត់បង់​ផលស្រូវ និងបង្កើនគុណភាពស្រូវអង្ករដើម្បីទទួលបានតម្លៃខ្ពស់នៅ លើទីផ្សារ។ ជា​មួយគ្នានេះដែរ ត្រូវបណ្តុះ​បណ្តាល​​កសិករអំពីបច្ចេកទេសប្រមូលផល និង ក្រោយពេលប្រមូលផលមានដូចជា៖ ការ​ច្រូតកាត់ ការ​ហាលសម្ងួត និងការទុកដាក់​ឱ្យបាន​ត្រឹមត្រូវដើម្បីធានាបាននូវគុណភាពស្រូវល្អជាដើម។

ទី៧-  បន្តនូវប្រពៃណីល្អក្នុងកិច្ចសហការជាមួយអាជ្ញាធរមូលដ្ឋាន ស្ថាប័នជំនាញពាក់ ព័ន្ធ​គ្រប់លំដាប់​ថ្នាក់និង​ដៃគូ​អភិវឌ្ឍន៍កសិកម្ម​នានាឲ្យបានកាន់តែល្អប្រសើរ ដើម្បីផ្តល់​ព័ត៌មានថ្មីៗទាន់​​​សភាព ការណ៍​ស្ដីពី​បច្ចេក​ទេសផលិតកម្មកសិកម្ម​​​ ឲ្យ​​​មាន​លក្ខណៈ​​ប្រទាក់ ក្រឡាគ្នាក្នុងស្មារតី​សាមគ្គីភាព​ទូលាយ​ ដើម្បីរួម​ចំណែកដោះស្រាយ​​​នូវ​បញ្ហា​​​ទាំងឡាយ ដែលកសិករជួបប្រទះទាន់​ពេលវេលា និងមានប្រសិទ្ធភាព។

ជាទីបញ្ចប់ខ្ញុំសូមថ្លែង​នូវ​សេចក្តី​អរគុណ​​បំផុតជូនចំពោះ ឯកឧត្តម រដ្ឋមន្រ្តី ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិកាក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និង ឯកឧត្តម ប្រតិភូរាជ​រដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក ​អគ្គនាយកដ្ឋានកសិកម្ម  ឯកឧត្តម លោកជំទាវ លោក លោកស្រី ​ភ្ញៀវជាតិ-អន្តរជាតិ លោកគ្រូ អ្នកគ្រូ សិស្សា នុសិស្ស លោកតា ​លោកយាយ និង​បងប្អូនប្រជាកសិករ ទាំងអស់​ដែលបានចំណាយពេលវេលា​ដ៏មានតំលៃដើម្បីចូលរួម និងផ្តល់​កត្តិយសដ៏ ឧត្តុងឧត្តម​ក្នុង​ពិធីនេះ និង សូមគោរពជូនពរ ក្នុងឧិកាសឆ្នាំថ្មី ឆ្នាំ២០២០ នេះ ជួបតែសេចក្តីសុខ និងទទួលបាននូវពុទ្ឋិពរ ទាំងប្រាំប្រការគឺៈ អាយុ វណ្ណៈ សុខៈ ពលៈ បដិពានៈ ​កុំបី​ឃ្លាងឃ្លាត​ឡើយ ៕

សូមអរគុណ!

ចំនួនអ្នកចូលទស្សនា
Flag Counter