ថ្ងៃព្រហស្បតិ៍ ៥ កើត ខែអស្សុជ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៩
-------------------------------------------------------------------------------------------------
១.នាយខណ្ឌរដ្ឋបាលជលផលតាកែវ រួមនឹងនាយផ្នែកបូរីជលសារ និងនាយសង្កាត់សេកយំ សរុបកម្លាំង ១២ រូប និងទូក ៣គ្រឿង ចុះបង្ក្រាបបានៈ -សៃយ៉ឺនស្បៃមុង ៤៦ មាត់ -របាំងស្បៃមុង ១២០០ ម៉ -បង្គោលឬស្សី ៧៥០ ដើម -ត្រីចម្រុះ ២៥០ គក្រ នៅចំណុចភូមិស្នាយដួច ឃុំបូរីជលសារ ស្រុកបូរីជលសារ ។
២.លោក ថៃ លី ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្ត បានចូលរួមបើកវគ្គបណ្តុះបណ្តាលស្តីពី «ការតាមដានស្វែងរកប្រភពបក្សី និងត្រួតពិនិត្យសុខភាពបក្សីសម្រាប់មន្ត្រីបសុពេទ្យស្រុក អាជ្ញាធរផ្សារ អ្នកលក់បក្សី និងអ្នកពិឃាដបក្សី» បង្រៀនដោយមន្ត្រីការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្តចំនួន ០២ រូប ដោយមានការគាំទ្រពីអង្គការស្បៀង និងកសិកម្ម (FAO) តាមរយៈអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ (GDAHP) ដែលមានអ្នកចូលរួមសរុបចំនួន ២០ នាក់ ស្រី ១០ នាក់។ វគ្គបណ្តុះបណ្តាលនេះរៀបចំនៅការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្តផ្ទាល់។ -លោក ឃុន ប៊ុនធី មន្ត្រីការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្ត បានចុះបង្កាត់សិប្បនិម្មិតគោចំនួន ០១ ក្បាល ជូនកសិករ ០១ គ្រួសារ ទីតាំងនៅភូមិប្រសាទ ឃុំរមេញ ស្រុកកោះអណ្តែត ខេត្តតាកែវ។ -មន្ត្រីបសុពេទ្យស្រុកបូរីជលសារ បន្តចុះពិនិត្យស្ថានភាពទឹកនៅតាមតំបន់មាត់ទន្លេ ឃើញថាបន្តមានការស្រកចុះ ០,០៧ ម៉ែត្រ តែការផ្គត់ផ្គង់ចំណីសត្វគោក្របីនៅជួបប្រទះការខ្វះខាតនៅឡើយ។ ចំពោះស្ថានភាពទឹកនៅបណ្តាស្រុក ០៤ ផ្សេងទៀត ដែលជាប់ដៃទន្លេបាសាក់ មិនមានផលប៉ះពាល់អ្វីដល់ការចិញ្ចឹមសត្វទេ ហើយដើម្បីជៀសវាងការកើនឡើងកំពស់ទឹកជាយថាហេតុ មន្ត្រីបសុពេទ្យទាំង ០៥ ស្រុកដែលកំពុងជួបប្រទះ និងមិនបានជួបប្រទះបញ្ហាលិចលង់ បានត្រៀមរកទីទួលសុវត្ថិភាពរួចជាស្រេច។ -ជម្ងឺប៉េស្តជ្រូកអាហ្រ្វិចមានសភាពស្ងប់ស្ងាត់ ជ្រូកចិញ្ចឹមក្នុងកសិដ្ឋានទាំង ២៩ ក្នុងខេត្តមានសុខភាពល្អ ពុំមាន ជួបប្រទះសត្វឈឺ រឺងាប់ទេ។
៣.លោក សៀង រ៉ែន និងលោក ឈន សារិត មន្រ្តីការិយាល័យក្សេត្រសាស្រ្ត និងផលិតភាពកសិកម្ម បានចុះពិនិត្យការដាំដំណាំម្ទេសជាលក្ខណៈគ្រួសារ នៅភូមិនាល ឃុំគុស ស្រុកត្រាំកក់ ខេត្តតាកែវ។