ថ្ងៃសៅរ៍ ០៩រោច ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៩
...........................................................................................................................
-លោក ញ៉ិប ស្រ៊ន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំលោកអនុប្រធាន និងមន្ត្រីការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្តចំនួន ០៨ រូប សហការជាមួយមន្ត្រីផ្នែកបសុពេទ្យស្រុកត្រាំកក់ ពេទ្យសត្វភូមិ និងអាជ្ញាធរមូលដ្ឋាន ចុះចាក់វ៉ាក់សាំងសារទឹកគោជូនប្រជាពលរដ្ឋបានចំនួន ២០៥ ក្បាល ទីតាំងនៅភូមិបបុស្សតាផង់ ត្រង់ចំនុចត្រពាំងគងឃុំត្រពាំងក្រញូង ស្រុកត្រាំកក់។
-លោក ថៃ លី ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្ត បានដឹកនាំមន្ត្រីក្រោមឱវាទ ០៥ រូប សហការជាមួយមន្ត្រីបសុពេទ្យស្រុកសំរោង និងអាជ្ញាធរមូលដ្ឋាន ចុះផ្តល់វគ្គបណ្តុះបណ្តាលស្តីពីបច្ចេកទេសចិញ្ចឹមមាន់ស្រុកលក្ខណៈពាក់កណ្តាលពាណិជ្ជកម្ម ដល់កសិករចំនួន ៣២ នាក់ (ស្រី ១៩ នាក់) ទីតាំងភូមិតាដក់ពង បឹងត្រាញ់ត្បូង ស្រុកសំរោង តាមរយៈថវិកាកម្មវិធី។ នៅក្នុងវគ្គបណ្តុះបណ្តាលនេះផងដែរ មន្ត្រីជំនាញក៏បានផ្សព្វផ្សាយពីជំងឺប៉េស្តជ្រូកអាហ្វ្រិក ជាពិសេសវិធានការជីវសុវត្ថិភាព និងសុវត្ថិភាពនៃការទទួលទានសាច់ជ្រូក។
-លោក ឃុន ប៊ុនធី មន្ត្រីការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្ត បានចុះបង្កាត់សិប្បនិម្មិតគោចំនួន ០១ ក្បាល ជូនកសិកររស់នៅភូមិត្រពាំងឬស្សី ឃុំបារាយណ៍ ក្រុងដូនកែវ។
-លោក ថៃ លី ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្ត រួមជាមួយលោកអនុប្រធាន និងមន្ត្រីក្រោមឱវាទការិយាល័យ បានចូលរួមការប្រជុំពិភាក្សាស្តីពីការសាងសង់ទីសត្តឃាតបក្សី និងការរៀបចំវគ្គបណ្តុះបណ្តាលដល់អ្នកពាក់ព័ន្ធ ក្រោមអធិបតីភាពលោក ហ៊ុល ដាវុន អគ្គនាយករង នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ និងមន្ត្រីអង្គការស្បៀង និងកសិកម្ម (FAO) ០១ រូប។ កិច្ចប្រជុំនេះ រៀបចំនៅការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្ត។
-មន្ត្រីផ្នែកបសុពេទ្យស្រុកកោះអណ្តែត សហការជាមួយអាជ្ញាធរស្រុក បានរៀបចំកម្មវិធីពិសារសាច់ជ្រូកសុវត្ថិភាព នៅទីតាំងសាលាស្រុកផ្ទាល់ ដោយមានការចូលរួមពីប្រធាន អនុប្រធាន និងមន្ត្រីរបស់ការិយាល័យចំណុះសាលាស្រុក ក្រោមអធិបតីភាពរបស់លោកគិន ណែត អភិបាលស្រុកកោះអណ្តែត។
-មន្ត្រីផ្នែកបសុពេទ្យស្រុកអង្គរបូរី សហការជាមួយអាជ្ញាធរមូលដ្ឋាន ចុះធ្វើការផ្សព្វផ្សាយពីជំងឺប៉េស្តជ្រូកអាហ្វ្រិក និងជម្រុញអោយមានការហូបសាច់ជ្រូកឡើងវិញ ទីតាំងនៅភូមិស្វាយខាងត្បូង ឃុំបាស្រែ ដោយមានប្រជាជនចូលរួមចំនួន ១១ នាក់ ស្រី ០៣ នាក់។ មន្ត្រីជំនាញក៏បានបន្តចុះពិនិត្យស្ថានភាពលក់សាច់ជ្រូកនៅក្នុងផ្សារមួយកន្លែង អាជីវករចំនួន ០៤ នាក់ ចាប់ផ្តើមលក់សាច់ជ្រូកដូចធម្មតាឡើងវិញ។
-មន្ត្រីផ្នែកបសុពេទ្យស្រុកបូរីជលសារ បានចុះពិនិត្យស្ថានភាពចិញ្ចឹមជ្រូករបស់កសិករ ០៧ គ្រួសារ ឃើញមានជ្រូក សរុប ៤៩ ក្បាល ទីតាំងនៅភូមិព្រៃមូល ឃុំគោកពោធិ៍។ តាមការពិនិត្យជាក់ស្តែងឃើញថា ជ្រូកទាំងអស់មានសុខភាពល្អ មិនមានបញ្ហាឈឺ រឺងាប់នោះទេ ហើយមន្ត្រីជំនាញក៏បានណែនាំដល់កសិករពីជំងឺប៉េស្តជ្រូកអាហ្វ្រិក និងវិធានការការពារជំងឺនេះផងដែរ។