ថ្ងៃសុក្រ ៣ កើត ខែបឋមសាធ ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦២ ត្រូវនឹងថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៨
លោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តរួមនឹងសហការីបានចូលរូមទិវាពិភពលោកដើម្បីប្រយុទ្ធប្រឆាំងនឹងរហោស្ថានកម្ម/ការធ្លាក់ចុះគុណភាពដី ឆ្នាំ២០១៨ ក្រោមប្រធានបទ "ដីមានតម្លៃពិតប្រាកដ សូមចំណាយដើម្បីរក្សាវា" ក្រោមអធិបតីភាព ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅឧទ្យានសួនសត្វ និងមជ្ឈមណ្ឌលសង្រ្គោះសត្វព្រៃ ភ្នំតាម៉ៅ ស្រុកបាទី ខេត្តតាកែវ។ បន្ទាប់មកលោកប្រធានបានអមដំណើរ ឯកឧត្តមរដ្ឋមន្រ្តីពិនិត្យដំណាំត្រសក់ទ្រើងដោយប្រើផ្ទាំងសូឡាដើម្បីស្រោចស្រព នៅក្នុងភូមិពន្លៃ ឃុំជំរះពេន ស្រុកសំរោង។ គួរអោយកត់សំគាល់ផងដែរថា ក្នុងភូមិពន្លៃមានប្រជាកសិករជាសមាជិកសហគមន៍កសិកម្ម ប្រមាណជា ៥០គ្រួសារ បាននិងកំពុងប្រកបរបរកសិកម្មដាំត្រសក់ទ្រើងនេះដោយទទួលបាន ចំណូលពី ៥ ទៅ ៦លាន រៀល ក្នុងមួយឆ្នាំ។ លោកប្រធានក៏បានបន្តការអមដំណើរ ឯកឧត្តម រដ្ឋមន្រ្តី ពិនិត្យសហគមន៍អភិវឌ្ឍន៍កសិកម្មសាមគ្គីអមតៈខ្វាវ ស្ថិតនៅក្នុងភូមិខ្វាវ ឃុំខ្វាវ ស្រុកសំរោង។ សហគមន៍អភិវឌ្ឍន៍កសិកម្មនេះ មានសមាជិកសរុបប្រមាណជា ១ពាន់នាក់ ព្រមទាំងមានសកម្មភាពៈ សន្សំប្រាក់ ឥណទានសាច់ប្រាក់ ទិញ លក់ចំណីសត្វ ដំណាំបន្លែ ជំនួញប្រេង គ្រាប់ពូជ សម្ភារៈកសិកម្ម សេវាកម្មពេទ្យសត្វភូមិ និងសេវាកម្មវេប្រាក់។ មកទល់បច្ចុប្បន្ននេះ សហគមន៍មានដើមទន់សាច់ប្រាក់ជាង ២ពាន់លានរៀល។ ក្នុងដំណើរទស្សនៈកិច្ចកសិដ្ឋានដាំបន្លែ និងសហគមន៍អភិវឌ្ឍន៍កសិកម្មនេះ ឯកឧត្តម បានឧបត្ថម្ភថវិកាដល់អ្នកចូលរួម ដោយម្នាក់ៗទទួលបាន ៥ម៉ឺនរៀល ផងដែរ។